ក្ដៅៗ! នៅខេត្ត កំពង់ធំ រថយន្ដជាប់គាំង ជាង ២ គីឡូម៉ែត្រ
នៅសល់ពេលពីរថ្ងៃទៀត ពិធីចូលឆ្នំានឹងមកដល់ ហើយប្រពលរដ្ឋខ្មែរមួយចំនួនសម្រុកចេញពីរាជធានីឆ្ពោះទៅកាន់បណ្ដាខេត្តនានា។ កត្តាដែលមហាជនសម្រុកចេញស្របគ្នា ទៅកាន់បណ្ដាខេត្ត និង ការដ្ឋានសាងសង់ផ្លូវនៅមិនទាន់រួចរាល់នោះ ស្ថានភាពចរាចរកំពុងកកស្ទះ និង រថយន្ដជាប់គាំងជាង ២ គីឡូម៉ែត្រ នៅភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
យោងតាមសេចក្ដីរាយការណ៍ពី លោក ខុត សីហា អ្នកយកព័ត៌មាន និង ជាអ្នកថតរូបរបស់គេហទំព័រ Sabay បានឲ្យដឹងថា ស្ថានភាពចរាចរណ៍បានកកស្ទះមិនតិចជាង ១ ម៉ោង ហើយអ្នកបើកបរមិនអាចរំកិលរថយន្ដរបស់ខ្លួនបាននោះទេ។ ប៉ុន្ដែ ក្រោយពីកម្លាំងនគរបាលចរាចរណ៍ និង អាជ្ញាធរពាក់ព័ន្ធចេញសម្របសម្រួលមក ទើបរថយន្ដមួយចំនួនរំកិល ឬលូនចេញទៅមុខបានខ្លះៗហើយ។
លោក ខុត សីហា ដែលកំពុងនៅក្នុងហេតុការណ៍បានប្រាប់ថា រថយន្ដបានជាប់គាំងមិនតិចជាង ២ គីឡូម៉ែត្រនោះទេ ដោយសារតែប្រជាពលរដ្ឋខ្មែរសម្រុកចេញពីភ្នំពេញទៅកាន់ទីរួមខេត្ត សៀមរាប ទីកន្លែងរៀបចំកម្មវិធីអង្គរសង្ក្រាន្ដ និង ខ្លះឆ្ពោះដំណើរទៅកាន់ខេត្តព្រះវិហារ។ ប៉ុន្ដែ ឥឡូវនេះ រថយន្ដបានរំកិលទៅមុខបន្ដិចៗហើយ ក្រោយពីអាជាធរពាក់ព័ន្ធសម្រួលឲ្យចេញទៅតាមច្រកតូចៗ ផ្លូវលំ នៅភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ៕
ប្រភព: Sabay News
ក្ដៅៗ! នៅខេត្ត កំពង់ធំ រថយន្ដជាប់គាំង ជាង ២ គីឡូម៉ែត្រ
Reviewed by Bookworm
on
3:21 AM
Rating: