ចិនខឹងសម្បានឹងអាមេរិក ករណីយន្តហោះចម្បាំងអាមេរិកចុះចតនៅតៃវ៉ាន់
ក្រសួងការបរទេសចិនបានសម្តែងនូវការខឹងសម្បាយ៉ាងខ្លាំងទៅនឹងករណីយន្តហោះចម្បាំងអាមេរិកចំនួន២គ្រឿង បានចុះចតនៅលើដែនកោះតៃវ៉ាន់ ដែលសកម្មភាពនេះត្រូវបានអាជ្ញាធរចិនចាត់ទុកថាជាការប្រតិបត្តិផ្ទុយទៅនឹងសំណើរបស់ចិន ដែលកុំឲ្យអាមេរិកលូកដៃចូលទៅក្នុងវិវាទផ្ទៃក្នុងរបស់ចិនជាមួយកោះតៃវ៉ាន់ លើគោលនយោបាយចិនតែមួយ ។ នេះបើតាមការអះអាងឲ្យដឹងរបស់លោក Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិន ប្រាប់បណ្តាញសារព័ត៌មានកាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៥ ម្សិលមិញ ។
សារព័ត៌មានតៃវ៉ាន់បានផ្សាយឲ្យដឹងថា យន្តហោះចម្បាំងអាមេរិកធុន F-18 ចំនួន២គ្រឿង បានចុះចតនៅលើទីតាំងទ័ពអាកាសតៃវ៉ាន់ ក្រោយពេលយន្តហោះទាំង២គ្រឿងនេះមានបញ្ហាបច្ចេកទេស ។ការផ្សព្វផ្សាយរបស់សារព័ត៌មានតៃវ៉ាន់ គឺស្របគ្នាទៅនឹងការថ្លែងរបស់លោក Henrietta Levin អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក ដែលបានបញ្ជាក់ថា ការចុះចតនៃយន្តហោះចម្បាំងនេះជាបន្ទាន់ ដោយមិនប្រកាសឲ្យដឹងជាមុន មានមូលហេតុតែមួយគត់ គឺបញ្ហាបច្ចេកទេស ។ ចំពោះតៃវ៉ាន់ដែលអនុញ្ញាតឲ្យយន្តហោះចុះចតជាបន្ទាន់ក្នុងពេលមានសភាពគ្រោះថ្នាក់កើតឡើង គឺជារឿងត្រឹមត្រូវបំផុត ។
នារយៈពេលចុងក្រោយនេះ ចិនតែងតែថ្កោលទោសទៅលើអាមេរិក ខណៈអាមេរិកបានសម្រេចលក់សព្វាវុធទៅឲ្យតៃវ៉ាន់ ឬបើកកិច្ចទំនាក់ទំនងល្អលើវិស័យយោធាជាមួយតៃវ៉ាន់នោះ ៕
ប្រភព: ដើមត្នោត
ចិនខឹងសម្បានឹងអាមេរិក ករណីយន្តហោះចម្បាំងអាមេរិកចុះចតនៅតៃវ៉ាន់
Reviewed by Bookworm
on
8:12 AM
Rating: