មហាសង្ក្រាន្ត ឆ្នាំមមែ សប្តស័ក
នឹងគណនាឆ្នាំមមែ ឥឡូវនេះសង្ក្រានចូលមកនៅថ្ងៃអង្គារ ១១រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រឹស្តសករាជ២០១៥ វេលាម៉ោង១៤និង០២នាទី ។ ពេលនោះព្រះអាទិត្យចេញពីមីនរាសី ទៅឋិតនៅឯមេសរាសី តាមផ្លូវគោវិថី គឺផ្លូវកណ្តាល ទើបមានទេវធីតាមួយព្រះអង្គជាមគ្គនាយិកា ព្រះនាម រាគ្យសៈទេវី ជាបុត្រីទី៣ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ ខ្មៅ លម្អនៅព្រះកាណ៌ដោយសៀតផ្កាឈូក អភរណៈទ្រង់ពាក់កែវ មនោរា ភក្សាហារទ្រង់សោយលោហិត ព្រះហស្ថ ស្តាំទ្រង់ត្រីសូល៍ ព្រះហស្តឆ្វេងទ្រង់ធ្នូ ទ្រង់គង់លើខ្នង អស្សភរ (សេះ) ជាពាហនៈ ។ ទើបនាំអស់ទេវបុត្រ ទេវធីតា ទាំងមួយសែនកោដិ ហោះទៅកាន់គុហាកែវធម្មមាលីនា ទីភ្នំកៃលាស ខេត្តហិមពាន្ត ជាទីតម្កល់ទុកនូវព្រះសិរសាកបិលមហាព្រហ្ម ដែលតម្កល់លើពានមាស នាំមកដង្ហែប្រទក្សិណភ្នំព្រះសុមេរុរាជ តាមផ្លូវព្រះអាទិត្យចរ ចំនួួន៦០នាទី (២៤ម៉ោង) ។ ទើបនាំយកទៅតម្កល់ទុកនៅកន្លែងដើមវិញ ហើយប្រជុំទេវបុត្រទេវធីតាទាំងមួយសែនកោដិ ចូលទៅស្រង់ទឹក អនោតត្តមហាស្រះ ដែលមានទឹកហូរចេញពីបំពង់ថ្មកែវ ដែលជាមាត់គោឧសភរាជទាំង៧ ត្រជាក់ក្សេមក្សាន្តព្រះរាជហឫទ័យ ហើយនាំគ្នាចូលទៅសមាទានរក្សាសីល ដោយសោមនស្សរីករាយគ្រប់ព្រះអង្គ ក្នុងភគវតីសភាសាលា ដែលវិស្សកម្មទេវបុត្រនិមិត្តថ្វាយ ដើម្បីបន្ទោបង់អពមង្គល ឱ្យជ្រះស្រឡះ ហើយចម្រើននូវសិរី សួស្តី ជ័យមង្គល ជន្មាយុយឺនយូរ ដល់ទេវតា និងមនុស្សសត្វផងទាំងឡាយ តាំងពីឆ្នាំថ្មីចូលមកនេះ បានទូលំទូលាយសុខក្សេមក្សាន្តតរៀងទៅ។
ថ្ងៃអង្គារ ១១រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រឹស្តសករាជ២០១៥ វេលាម៉ោង១៤និង០២នាទី ជាថ្ងៃចូលឆ្នាំមមែ សប្តស័ក (ជាថ្ងៃមហាសង្ក្រាន្ត) ។ ថ្ងៃពុធ ១២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសា គ្រឹស្តសករាជ២០១៥ ជាវរៈវ័នបត ។
ថ្ងៃព្រហស្បតិ៍ ១៣រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៦ មេសា គ្រឹស្តសករាជ២០១៥ នៅវេលាម៉ោង១៨និង២១នាទី ៣៦វិនាទី ជាវារៈឡើងស័ក គម្រប់ជាសង្ក្រាន្ត៣ថ្ងៃស្រេច បរិបូរណ៌ចូលជាសាកល ឆ្នាំមមែ សប្តស័ក ចុល្លសករាជ១៣៧៧ និងម.ស.១៩៣៧ តទៅ ។
នៅក្នុងឱកាសសង្ក្រាន្តទាំង៣ថ្ងៃ សូមអស់ប្រជាជនប្រុសស្រីផងទាំងឡាយរៀបចំពលិការ គ្រឿងសក្ការបូជា អុជប្រទីបជ្វាលា ថ្វាយព្រះរតនត្រ័យ និងទទួលស្វាគមន៍ទេវបុត្រ ទេវធីតាឆ្នាំថ្មី ហើយខំលះបង់ចិត្តអាក្រក់អន្យតិរ្ថិយជាចិត្តអប្រីយ៍ជាប់ដោយគំនុំគុំកួនព្យាបាទឈ្នានីស ដែលកើតមានក្នុងឆ្នាំចាស់ឱ្យជ្រះស្រឡះ តាំងចិត្តប្រព្រឹត្តល្អ ប្រកបដោយមេត្តា ករុណា មុទិតា ឧបេក្ខា និងបញ្ញា ធ្វើបុណ្យសុន្ទរ៍ទានតាមប្រពៃណី រក្សាសីលប្រាំឱ្យបានជាប់ជានិច្ច នោះទេវតានឹងឱ្យពរសព្ទសាធុការ លោកអ្នកនឹងមានសិរីសួស្តី សុភមង្គល វិបុលសុខគ្រប់ប្រការតាំងពីឆ្នាំថ្មីនេះតរៀងទៅ។
(ដកស្រង់ចេញពីសៀវភៅមហាសង្រ្កាន្ត និពន្ធដោយលោក អ៊ឹម បុរិន្ទ)
មហាសង្ក្រាន្ត ឆ្នាំមមែ សប្តស័ក
Reviewed by Bookworm
on
3:42 AM
Rating: